Posted by ABC RADIO in Khmer Listen to Khmer MP3 មានរបាយការណ៍ថ្មីមួយមកថា ពលរដ្ឋខ្មែរក្រោមជាង២០នាក់នៅ ប្រទេសវៀតណាមបាន រងការវាយប្រហារនៅក្នុងពេលបុណ្យឯករាជជាតិវៀតណាមកាលពីថ្ងៃទី២ ខែកញ្ញា កន្លង ទៅនេះ។ បើតាមការណ៍ឲ្យដឹងពីសហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា ខ្មែរក្រោមម្នាក់បាន ស្លាប់ និង២នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេល ហើយច្រើននាក់ទៀតបានរងរបួស និង កំពុងលាក់ខ្លួន។ ព្រឹត្ដិការណ៍នេះបានកើតឡើងនៅក្នុងខេត្ដតាយនិញ ភាគខាងត្បូងប្រទេស វៀតណាមបច្ចុប្បន្ន។ ទឹកដីខ្មែរកម្ពុជាក្រោមដ៏ធំធេង ដែលឥឡូវជាប្រទេសវៀតណាមខាងត្បូងបានធ្លាក់ទៅដៃ វៀតណាមអស់ពេលរាប់សិបឆ្នាំមិនយូរប៉ុន្មាននោះឡើយ ក្រោយពីបារាំងបានដកអាណា និគមនិយមរបស់ខ្លួនចេញពីតំបន់ឥណ្ឌូចិន ឬហៅថា ដែនដីកូសាំងស៊ីន។ ឥឡូវខ្មែរជាច្រើនពាន់ ច្រើនម៉ឺននាក់ដែលជាម្ចាស់ទឹកដី បានរស់នៅក្នុងប្រទេសវៀតណាម ជាលក្ខណៈជនជាតិភាគតិចរបស់វៀតណាមទៅវិញ។ លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមមានមូលដ្ឋាននៅអាម៉េរិកបានផ្ដល់ បទសម្ភាសន៍តាមទូរស័ព្ទឲ្យវិទ្យុអូស្រ្ដាលីក្រុងមែលប៊ិនដឹងថា បុរសខ្មែរក្រោមម្នាក់ឈ្មោះ ចៅ ណែត បានរងការកាប់សម្លាប់រហូតដល់ស្លាប់ នៅក្នុងការវាយប្រហារមួយពីសំណាក់ ពលរដ្ឋវៀតណាមមួយក្រុមមានគ្នា២០០នាក់។ តើរឿងរ៉ាវនេះយ៉ាងណា?លោក ថាច់ ង៉ុកថាច់ ផ្ដល់ការពន្យល់។